ខ្ញុំជាប់ទី១២ហើយតើគួររៀនជំនាញអ្វីបន្តទៀតនៅសាកលវិទ្យាល័យ?

 ខ្ញុំជាប់ទី១២ហើយតើគួររៀនជំនាញអ្វីបន្តទៀតនៅសាកលវិទ្យាល័យ?

បន្ទាប់ពីសម្តេចតេជោប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ជាប់ដោយស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រលងមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សមួយចំនួនប្រាកដជាកំពុងតែត្រេកអរហើយក៏មានចំនួនទៀតកំពុងគិតពីជំហានបន្ទាប់...តើខ្ញុំគួររៀនអ្វី ?
អត្ថបទដែលអ្នកកំពុងអាននឹងប្រាប់ពីជំនាញសំខាន់ៗដែលកំពុងមានទីផ្សារក្នុងប្រទេសកម្ពុជានិង​ទទួលបានប្រាក់ខែខ្ពស់ដែលអ្នកអាចប្រើប្រាស់បានសម្រាប់ធ្វើការវិភាគថ្លឹងថ្លែងអំពីជំនាញដែលគួររៀន ។
1. គ្រូពេទ្យ៖ មូលដ្ឋានគ្រឹះចំនេះដឹងដែលត្រូវមានដូចជាគណិតវិទ្យា ជីវៈវិទ្យា គីមីវិទ្យា... និស្សិតមានឳកាសរៀនពីជំនាញឯកទេសជាច្រើនក្រៅពីឯកទេសជម្ងឺទូទៅ មានដូចជាឯកទេសផ្នែកឳសថ(Pharmacist) ឯកទេសបេះដូង ឯកទេសផ្នែកក្បាល រយៈពេលសិក្សាអាចមានចន្លោះពី៤ឆ្នាំទៅ១២ឆ្នាំអាស្រ័យទៅតាមឯកទេសដែលជ្រើសរើស ។
2. វិស័យច្បាប់៖ មូលដ្ឋានគ្រឹះចំនេះដឹងផ្តោតទៅលើអក្សរសាស្រ្តខ្មែរ ពលរដ្ឋវិទ្យា តក្កវិទ្យា... និស្សិតនឹងត្រូវសិក្សាពីប្រព័ន្ធច្បាប់ជាតិ និង អន្តរជាតិ ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ក្រមទាំង៤ និង ច្បាប់សំខាន់ៗជាច្រើនទៀត ចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកអាចស្វែងរកការងារក្នុងវិស័យរដ្ឋ និង ឯកជន (ការិយាល័យច្បាប់ ធនាគារ ក្រុមហ៊ុន...) ។
3. គ្រប់គ្រងពាណិជ្ជកម្ម៖ មូលដ្ឋានគ្រឹះចំនេះដឹងអក្សរសាស្រ្តខ្មែរ គណិតវិទ្យា... និស្សិតនឹងត្រូវសិក្សាពីគោលការណ៍គ្រប់គ្រងទូទៅក្នុងអាជីវកម្ម​ សហគ្រិនភាព វិនិយោគ ហិរញ្ញវត្ថុ ទីផ្សារ... ចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកបម្រើការក្នុងក្រុមហ៊ុនឯកជនជាអ្នកគ្រប់គ្រង រឺ បើកអាជីវកម្មផ្ទាល់ខ្លួន ។
4. សេដ្ឋកិច្ច៖ មូលដ្ឋានគ្រឹះចំនេះដឹងផ្តោតទៅលើគណិតវិទ្យា ស្ថិតិ តក្កវិទ្យា... និស្សិតនឹងត្រូវសិក្សាផ្តោតទៅលើមីក្រូ-ម៉ាក្រូសេដ្ឋកិច្ចប្រទេស ទស្សនៈវិទ្យាសេដ្ឋកិច្ច ប្រវត្ថិសេដ្ឋកិច្ច គោលការណ៍អភិវឌ្ឍន៍ ទីផ្សារ ហិរញ្ញវត្ថុសាធារណៈ... ចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកអាចស្វែងរកការងារក្នុងវិស័យរដ្ឋ (ក្រសួងសេដ្ឋកិច្ច) និង​ វិស័យឯកជន (សេដ្ឋវិទូ អ្នកប្រឹក្សាឯករាជ្យ ធនាគារ...) ។
5. សិក្សាអន្តរជាតិ៖ មូលដ្ឋានគ្រឹះចំណេះដឹងប្រវត្តិវិទ្យា អក្សរសាស្រ្តខ្មែរ ភាសាអង់គ្លេស... និស្សិតនឹងត្រូវសិក្សាផ្តោតទៅលើប្រវត្តិនៃការកកើតអង្គការអន្តរជាតិពិភពលោក (UN, ASEAN…) កិច្ចការពិធីការការទូត ក្រមសីលធម៌អ្នកការទូត សេដ្ឋកិច្ចអន្តរជាតិ ទំនាក់ទំនងអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ... ចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកអាចស្វែងរកការងារក្នុងវិស័យរដ្ឋ (ក្រសួងការបរទេស, ក្រសួងសេដ្ឋកិច្ច...) និង វិស័យឯកជន (ផ្នែកធនធានមនុស្ស អ្នកសម្របសម្រួលកម្មវិធី អ្នកពិធីការ...) ។
6. រដ្ឋបាលសាធារណៈ៖ មូលដ្ឋានគ្រឹះចំណេះដឹងគឺអក្សរសាស្រ្តខ្មែរ ពលរដ្ឋវិទ្យា... និស្សិតនឹងត្រូវសិក្សាទៅលើរដ្ឋបាលកម្ពុជា ច្បាប់ភូមិបាល កំណែទម្រង់រដ្ឋបាល ការតាក់តែងលិខិតរដ្ឋបាល... ចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកអាចស្វែងរកការងារក្នុងវិស័យរដ្ឋ (បានស្ទើរគ្រប់ក្រសួង) និង ឯកជន (អ្នកកាន់ការងាររដ្ឋបាល ពិនិត្យលើលិខិតក្រដាសស្នាម) ។
7. ពត័មានវិទ្យា៖ មូលដ្ឋានគ្រឹះចំណេះដឹងគឺគណិតវិទ្យា ភាសាអង់គ្លេស... និស្សិតនឹងត្រូវសិក្សាលើការរចនា Design ការសរសេរកូដ ការបង្កើតប្រព័ន្ធទំនាក់ទំនង ការការពារផ្នែកបច្ចេកវិទ្យា (Cyber-Security)...ចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ទៅ៥ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកអាចស្វែងរកការងារក្នុងវិស័យរដ្ឋ និង វិស័យឯកជន ។
8. វិស្វកម្ម៖ មូលដ្ឋានគ្រឹះចំណេះដឹង គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា តក្កវិទ្យា... និស្សិតនឹងត្រូវសិក្សាអំពីមូលដ្ឋានគ្រឹះវិស្វកម្ម បន្ទាប់មកត្រូវជ្រើសរើសឯកទេសមានដូចជា វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មមេកាណិច វិស្វកម្មស្ថាបត្យកម្ម វិស្វកម្មអគ្គិសនី វិស្វកម្មគីមីចំណីអាហារចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ឆ្នាំទៅ៦ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកអាចស្វែងរកការងារក្នុងវិស័យរដ្ឋ (ក្រសួងសាធារណៈការ អគ្គិសនីកម្ពុជា រដ្ឋករទឹក...) និង ឯកជន (ក្រុមហ៊ុនវិស្វកម្ម ក្រុមហ៊ុនរចនា អ្នកម៉ៅការសំណង់...) ។
9. គណនេយ្យ-ហិរញ្ញវត្ថុ៖ មូលដ្ឋានគ្រឹះចំណេះដឹង គណិតវិទ្យា អក្សរសាស្រ្តខ្មែរ តក្កវិទ្យា... និស្សិតនឹងត្រូវសិក្សាអំពីមូលដ្ឋានគ្រឹះគ្រប់គ្រងអាជីវកម្ម គ្រឹះគណនេយ្យ គ្រប់គ្រងហិរញ្ញវត្ថុ ពន្ធដារ សវនកម្ម វិនិយោគ ធនាគារ... ចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកអាចស្វែងរកការងារក្នុងវិស័យរដ្ឋ និង វិស័យឯកជន (គណនេយ្យករ ក្រុមហ៊ុនសវនកម្ម ធនាគារ...) ។
10. គណិតវិទ្យា៖ មូលដ្ឋានគ្រឹះចំណេះដឹងផ្តោតទៅលើគណិតវិទ្យា តក្កវិទ្យា... និស្សិតនឹងត្រូវសិក្សាពី តក្កវិទ្យាវិភាគ ស្ថិតិ ធរណីមាត្រវិទ្យា ប្រូបាប... ចំពោះរយៈពេលសិក្សាជាទូទៅគឺ៤ឆ្នាំសម្រាប់កម្រិតបរិញ្ញាប័ត្រ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកអាចស្វែងរកការងារក្នុងវិស័យរដ្ឋ (គ្រូគណិតវិទ្យាសាលារដ្ឋ) និង វិស័យឯកជន (ក្រុមហ៊ុនឯកជន ធនាគារ មីក្រូហិរញ្ញវត្ថុ...) ។
សរុបមកវិញ គួរបញ្ជាក់ផងដែរថាមិនមែនទាល់តែចូលជំនាញខាងលើនេះទើបអាចមានទីផ្សារ (មានការងារធ្វើ) និង មានប្រាក់ខែខ្ពស់ទេ អ្នកក៏អាចរៀនអ្វីទៅតាមការស្រលាញ់ពេញចិត្តរបស់អ្នកផងដែរ តែសូមថ្លឹងថ្លែងអោយមានតុល្យភាពរវាងក្តីសុបិន្ត និង ការពិត ៕








Post a Comment

0 Comments