Lichen Amyloidosis គឺជាជំងឺស្បែករ៉ាំរ៉ៃដែលមានសារធាតុប្រូតេអ៊ីនម្យ៉ាងហៅថា អាមីឡូយ (Amyloid) ទៅកកកុញនៅលើស្បែក។ វាបណ្ដាលឱ្យកើតជាកន្ទួលតូចៗរឹងៗពណ៌ក្រហមត្នោតខ្មៅ ឬមានសភាពក្រាស់ៗស្ងួតៗគ្រើមៗ។ រោគសញ្ញាសំខាន់គឺ រមាស់ខ្លាំង ហើយភាគច្រើនកើតនៅលើ ដើមជើងទាំងសងខាង និងផ្នែកខាងក្រៅនៃដៃ។ ជំងឺនេះអាចធ្វើឱ្យអ្នកជំងឺបារម្ភ និងបាត់បង់ភាពជឿជាក់លើខ្លួនឯងខ្លាំងណាស់។

អ្នកដែលងាយកើតជំងឺ
ជំងឺនេះច្រើនកើតលើ អ្នកមានសម្បុរស្បែកស្រអាប់បន្តិច (Skin Phototype 3-4 ដូចជាជនជាតិអាស៊ី មជ្ឈិមបូព៌ា ឡាទីនអាមេរិក)។ វាកម្រកើតលើជនជាតិស្បែកសណាស់។ ជំងឺនេះត្រូវបានគេរកឃើញញឹកញាប់បំផុតនៅភាគខាងត្បូងប្រទេសចិន តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា និងថៃផងដែរ។

មូលហេតុ
មូលហេតុពិតប្រាកដដែលបណ្ដាលឱ្យមានការផលិតសារធាតុអាមីឡូយនៅមិនទាន់ច្បាស់នៅឡើយទេ។ ប៉ុន្តែចំណុចចាប់ផ្ដើមគឺ ការកេះឬកោស ដែលធ្វើឱ្យកោសិកាស្បែកងាប់ (keratinocytes apoptosis)។ បំណែកកោសិកាតូចៗទាំងនេះបានជំរុញឱ្យរាងកាយផលិតប្រូតេអ៊ីនអាមីឡូយមកជួសជុលស្បែកដែលខូច ដែលជាហេតុបង្កឱ្យកើតជំងឺនេះតែម្ដង។
ប្រហែល 10-15% នៃអ្នកជំងឺមានប្រវត្តិគ្រួសារកើតជំងឺនេះ ដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរ (mutation) របស់ហ្សែន oncostatin M និង IL-31 receptor។ ការកើនឡើងនៃសារធាតុ Interleukin-31 (ពី T cell) ទៅចាប់នឹងកោសិកាស្បែក (keratinocytes) និងសរសៃប្រសាទទទួលអារម្មណ៍ (sensory nerves) បណ្ដាលឱ្យ រមាស់ខ្លាំង និងបង្កឱ្យមានការរលាកស្បែក ជំរុញឱ្យកេះកាន់តែច្រើន ហើយធ្វើឱ្យរបាំងស្បែក (skin barrier) ខូចខាត ដែលជាមូលហេតុនៃជំងឺរមាស់រ៉ាំរ៉ៃផ្សេងៗទៀតដូចជា prurigo nodularis (កន្ទួលរមាស់រឹងរ៉ាំរ៉ៃ) atopic dermatitis (រមាស់ដោយសារប្រតិកម្ម) និងជំងឺស្បែក psoriasis ។
បច្ចុប្បន្ន មានថ្នាំថ្មីមួយប្រភេទឈ្មោះ Nemolizumab (ជាប្រភេទអង្គបដិប្រាណដែលកំណត់គោលដៅលើ IL-31 receptor) ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺរមាស់ដោយសារប្រតិកម្មកម្រិតមធ្យមបានផងដែរ។

ការព្យាបាល
មូលដ្ឋាន: គឺត្រូវ ចៀសវាងការកេះឬកោស និងលាបក្រែមផ្ដល់សំណើមដល់ស្បែកជាប្រចាំ។ លេបថ្នាំបំបាត់អាការៈរមាស់ប្រភេទ antihistamine។ នៅពេលយប់ អាចប្រើថ្នាំដែលធ្វើឱ្យងងុយគេងបន្តិច ដើម្បីកាត់បន្ថយការកេះដោយមិនដឹងខ្លួន។
ថ្នាំលាប (ក្នុងករណីធ្ងន់ធ្ងរ): គ្រូពេទ្យអាចឱ្យប្រើថ្នាំ Super potent steroids ដូចជា Clobetasol 0.05% លាបព្រឹកល្ងាច។ គួរបន្ថយកម្លាំងថ្នាំនៅពេលអាការៈប្រសើរឡើង ឬប្ដូរទៅប្រើ Betamethasone វិញ ដើម្បីកាត់បន្ថយផលរំខាននៃថ្នាំស្តេរ៉ូអ៊ីតខ្លាំង។ ត្រូវតាមដានលទ្ធផលនៃការព្យាបាល និងផលរំខានថ្នាំជានិច្ច។
ក្រែមវីតាមីន A (Isotretinoin 0.025%): លាបមុនពេលចូលគេង។ វាជួយបណ្ដេញកោសិកាស្បែកចាស់ និងកាត់បន្ថយស្នាមខ្មៅ។ ការព្យាបាលដោយវិធីនេះត្រូវចំណាយពេលយូរពីច្រើនខែទៅមួយឆ្នាំទើបអាការៈប្រសើរឡើង។ ប៉ុន្តែត្រូវ ចៀសវាងការកេះ ព្រោះជំងឺអាចត្រឡប់មកវិញបាន។


Fllow me:
------
Follow for more information:
0 Comments